KI-Media2 KI Media នាយក​រដ្ឋមន្ត្រី​អះអាង​ថា​អ្ន ក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កំពុង​ជ្រក​ក ្នុង​បក្ស​ប្រឆាំង

Hun+Sen+general+-+B-70+Anniversary+02+(DAP).jpg
ដោយ ម៉ម មុនីរតន៍
2013-05-16
Radio Free Asia

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​មនុស្ស​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក ថា​គឺ​ជា​អ្នក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក និង​របប​រាជា​និយម​នៅ​កម្ពុជា បច្ចុប្បន្ន។ លោក​បាន​ចោទ​ថា អ្នក​ទាំង​នោះ​កំពុង​ជ្រក​កោន​ក្រោម​ផ្លាក​របស់​គណបក្ស​ប្រឆាំង​បច្ចុប្បន្ន។
ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​នៅ​អាណត្តិ​បោះឆ្នោត​សកល​ខាង​មុខ ហៅ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ​ថា គឺ​ជា​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន រៀប​ចំ​ទុក​ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​ប៉ុណ្ណោះ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ចាត់​វិធាន​ការ​ប្រឆាំង​មនុស្ស​មួយ​ក្រុម ដែល​លោក​រក​ឃើញ​ថា កំពុង​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក និង​រាជបល្ល័ង្ក​នៅ​កម្ពុជា ហើយ​កំពុង​ពួន​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​គណបក្ស​ប្រឆាំង។

ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​គ្រា​លោក​ចូលរួម​សម្ពោធ​អគារ​ពុទ្ធិក​អនុវិទ្យាល័យ សេរីពេជ្រ ក្នុង​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៦ ឧសភា។
លោក ហ៊ុន សែន ហៅ​អ្នក​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នៅ​ពេល​នេះ ថា​គឺ​ជា​អ្នក​ឱកាស​និយម។ លោក​បន្ត​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យ​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​តាម​ចាប់​ខ្លួន​អ្នក​ទាំង​នោះ ដែល​លោក​រក​ឃើញ​ថា​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ហើយ​មនុស្ស​មួយ​ចំនួន​ទៀត ក៏​នៅ​ក្នុង​បក្ស​ប្រឆាំង​ដែរ។ លោក ហ៊ុន សែន មិន​បាន​និយាយ​ចេញ​ឈ្មោះ​ក្រុម​មនុស្ស​ដែល​លោក​ចោទ​ប្រកាន់​នោះ​ឡើយ។

លោក ហ៊ុន សែន៖ «គេ​ចង់​ដូរ​បែប​ហ្នឹង​អ្ហា បើ​ចង់​ដូរ​ករុណា​ខ្ញុំ ដូរ​តែ​គណបក្ស​ប្រជាជន វា​អត់​ចោទ​ទេ។ តែ​គេ​ដូរ​របប​រាជ​និយម​ចេញ​តែ​ម្ដង​ហ្នឹង ត្រូវ​ច្បាស់។ ហើយ​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អាមេរិក និង​មាន​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ នេះ​សូម​បញ្ជាក់​ឲ្យ​ឃើញ។ ហើយ​ក្រុម​គេ​ហ្នឹង​នៅ​ជាមួយ​គ្នា នេះ​មាន​ទាំង​លោក​ទៅ​ពី​ទីក្រុង​ភ្នំពេញ ផង​ដែរ។ ទាំង​អា​ក្រុម​ទី​មួយ​នេះ ចលនា​អំណាច​ប្រជាជន​មនុស្ស​របស់​គេ ក៏​នៅ​ក្នុង​គណបក្ស​ប្រឆាំង​រាល់​ថ្ងៃ។ ព្រោះ​មិន​អាច​មក​ជ្រក​ជាមួយ ហ៊្វុនស៊ិនប៉ិច ហើយ​ក៏​មិន​អាច​ជ្រក​ជាមួយ​គណបក្ស​ប្រជាជន បាន​ដែរ»

ក៏ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រឆាំង​វិញ ចាត់​ទុក​ថា នេះ​គឺ​ជា​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដើម្បី​បំបាក់​សំឡេង​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​ការ​អត្ថាធិប្បាយ​បាន​ទេ ពី​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ឧសភា។

ក៏ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​រួច​ហើយ​លើ​ផ្នែក​នេះ នៅ​គ្រា​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន។ ការ​ស្នើសុំ​នេះ ស្រប​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូប៉ាម៉ា (Barack Obama) ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាល​ពី​ចុង​ឆ្នាំ​២០១២។

ប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​សារ​នយោបាយ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន នៅ​ពេល​នេះ​ថា គឺ​ជា​ផ្នែក​មួយ​កើត​ចេញ​ពី​ការ​ព្រួយ​បារម្ភ​ចាញ់​ឆ្នោត​របស់​លោក​នាយក​រដ្ឋមន្ត្រី។ លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​ប្រឆាំង​នឹង​មិន​ជ្រើស​រើស​យក​ការ​ឈ្នះ​ឆ្នោត​ដោយ​មធ្យោបាយ​ហិង្សា​នោះ​ឡើយ។ ក៏ប៉ុន្តែ ថា​អ្វី​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ផ្ដួល​ដៃគូ​របស់​ខ្លួន​នោះ គឺ​តាម​រយៈ​សន្លឹក​ឆ្នោត​ដែល​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក យឹម សុវណ្ណ បដិសេធ​ថា នឹង​ពុំ​មាន​ជន​សង្ស័យ​ណា​មួយ​នៅ​ក្នុង​គណបក្ស​ប្រឆាំង ចង់​ផ្ដួល​រដ្ឋាភិបាល​តាម​វិធី​ហិង្សា​ដូច​អ្វី​ដែល​លោក ហ៊ុន សែន រក​ឃើញ​នោះ​ថែម​ទៀត​ផង។ ហើយ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដាច់​ខាត​រាល់​យន្តការ​នៃ​ការ​ប្រើប្រាស់​កម្លាំង​បាយ​ដើម្បី​ឈ្នះ និង​ចាត់​ទុក​ថា​មធ្យោបាយ​នេះ គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។

លោក យឹម សុវណ្ណ៖ «គ្មាន​អ្នក​ណា​មក​នៅ​ក្នុង​បក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រឆាំង​ក៏​មិន​មានជន​នោះ​នៅ​ដែរ។ ហើយ​ជន​នោះ​ចង់​ផ្ដួល​តាម​របៀប​អំពើ​ហិង្សា។ មិន​ចាំបាច់​ផ្ដួល​តាម​អំពើ​ហិង្សា​ទេ ធ្វើ​ម៉េច​ឲ្យ​តែ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទៅ។ គ.ជ.ប ហ្នឹង​អព្យាក្រឹត្យ​ទៅ ឯករាជ្យ​ទៅ កុំ​ឲ្យ​លួច​បន្លំ​សន្លឹក​ឆ្នោត កុំ​ឲ្យ​គំរាម​កំហែង ឲ្យ​គណបក្ស​នយោបាយ​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ បញ្ជូន​សារ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទៅ គឺ​គណបក្ស​ប្រជាជន​ដួល​ឯង​ហើយ មិន​ចាំបាច់​ធ្វើ​សង្គ្រាម​ទេ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ គិត​ថា​នឹង​ពុំ​មាន​សមាជិក​គណបក្ស​នយោបាយ​ប្រឆាំង​ណា​មួយ​អាច​ប្រើប្រាស់​យន្តការ​បែប​នេះ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មធ្យោបាយ​ហិង្សា​នោះ​ទេ។ ក៏ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ជាង ១០​ឆ្នាំ​មុន​របស់​ក្រុម ស៊ី.អេហ្វ.អេហ្វ (CFF) គឺ​ជា​ព្រឹត្តិការណ៍​ដែល​អាច​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។ ក្នុង​ន័យ​ថា គឺ​ជា​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​យោធា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំផ្លាញ​អង្គការ​ចាត់​តាំង​មួយ​ឈ្មោះ​ថា ស៊ី.អេហ្វ.អេហ្វ ដែល​មាន​សំណុំ​រឿង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ​២០០០ ដឹកនាំ​ដោយ​លោក ឈុន យ៉ាសិទ្ធ នៅ​មុន​លោក​ត្រូវ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាត់​ឲ្យ​មាន​ទោស និង​ឃុំ​ខ្លួន​អស់​មួយ​ជីវិត។ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ជា​អតីត​យោធា​ខ្មែរ​ក្រហម និង​អ្នក​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា ត្រូវ​ចាប់​ខ្លួន។ សំណុំ​រឿង​ទាំង​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​ទុក​ថា គឺ​ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក៕


Posted By KI Media to KI Media at 5/17/2013 01:19:00 PM


Posted By kiletters2 to KI-Media2 at 5/17/2013 01:19:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: