KI-Media2 KI Media “ក្រុមហ៊ុនវៀតណាមបង្កវិបត្តិដីធ ្លីធ្ងន់ធ្ងរនៅកម្ពុជា”

HAGL+Deforestation+01.jpg
កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។ រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រ
HAGL+Deforestation+02.jpg
សកម្មភាពកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) នៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៣។ Global Witness Photo
HAGL+Deforestation+03.jpg
កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។ រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង

អង្គការឃ្លាំមើលពិភពលោក (Global Witness) បានរកឃើញថា ក្រុមហ៊ុនចម្ការកៅស៊ូធំ ពីរ របស់វៀតណាម កំពុងបង្ក វិបត្តិដីធ្លី យ៉ាងធ្ងន់ធ្ងរ បំផ្លាញធនធាន ធម្មជាតិ រំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយគ្មានទោសពៃរ៍ នៅក្នុងប្រទេស កម្ពុជា និងប្រទេសឡាវ តាមរយៈ ដីសម្បទាន សេដ្ឋកិច្ច ដាំដើម កៅស៊ូ។

2013-05-13
ដោយ ជី វិតា
Radio Free Asia

របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ចេញផ្សាយនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣ នេះ បង្ហាញថា ក្រុមហ៊ុនដំណាំកៅស៊ូរបស់វៀតណាម ពីរ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ កំពុងឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ និងឧកញ៉ាពុករលួយ បំពានច្បាប់ បង្កមហន្តរាយដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសទាំងពីរ។

លទ្ធផលស្រាវជ្រាវអស់រយៈពេលជាងមួយឆ្នាំ ដែលមានកម្រាស់ ៤៩ទំព័រ របស់អង្គការឃ្លាំមើលពិភពលោក បន្តថា សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនវៀតណាម ទាំងពីរ តាមរយៈការកាប់រានព្រៃឈើដើម្បីដាំកៅស៊ូ បានបង្កផលវិបាកជាច្រើនដល់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។

មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការឃ្លាំមើលពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរដែលពឹងពាក់អាស្រ័យផលពីធនធានធម្មជាតិ កំពុងប្រឈមនឹងបញ្ហាជាច្រើន៖ «រហូតមកដល់ពេលនេះមានមនុស្សប្រមាណ ៤សែននាក់ រងផលប៉ះពាល់ពីការច្បាមយកដី។ ចំនួននេះគឺសម្រាប់តែ ១២ខេត្តប៉ុណ្ណោះ មិនមែនទូទាំងកម្ពុជា នោះទេ។ នៅតាមសហគមន៍នានា ដែលយើងចុះសាកសួរ ពួកគេកំពុងជួបបញ្ហាច្រើនណាស់។ ពួកគេស្ថិតក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ គឺក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។ វត្តមានចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ បណ្ដាលឲ្យប្រជាសហគមន៍ទាំងនោះបាត់បង់ដីស្រែចម្ការរបស់ខ្លួន បាត់បង់លទ្ធភាពចូលទៅក្នុងព្រៃ និងប្រភពទឹក។ ពួកគេជួបការលំបាក ទទួលទាន ដោយសារតែ ចំណូលត្រូវ បានធ្លាក់ចុះ ហើយបញ្ហា ផ្សេងទៀត ដែលគេ ប្រឈមនោះ គឺការ គំរាមកំហែង អាយុជីវិត ឬការចាប់ខ្លួន នៅពេលពួកគេ ព្យាយាម តវ៉ារឿងដីធ្លី»។

របាយការណ៍បានបន្តថា រដ្ឋាភិបាលកម្ពុជា ខ្លួនឯងជាចំណែកមួយនៃបញ្ហាទាំងនេះ។ រដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណសម្បទានដីធ្លីទាំងបំពានច្បាប់ ហើយក៏មិនបានចាត់វិធានការផ្លូវច្បាប់ណាមួយនៅពេលក្រុមហ៊ុនវៀតណាម ទាំងពីរ បំពានច្បាប់កម្ពុជា ដោយបើកចំហ។

ការទទួលដីសម្បទានលើសចំនួនច្បាប់កំណត់ដែលជាទង្វើបំពានច្បាប់របស់មន្ត្រីពុករលួយជារឿងមួយ។ ប៉ុន្តែការកាប់រានច្បាមយកដីបន្ថែមលើសកំណត់ក្នុងកិច្ចសន្យាតាមតែអំពើចិត្ត ដោយគ្មានការត្រួតពិនិត្យពីភ្នាក់ងាររដ្ឋ គឺជាបញ្ហាមួយផ្សេងទៀត។

យោងតាមច្បាប់កម្ពុជា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយ មិនអាចឲ្យលើសពីមួយម៉ឺនហិកតារទេ។ ប៉ុន្តែក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួលបានជិត ៥ម៉ឺនហិកតារ (៤៧.៣៧០)។ ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានជាង ១.៦សែនហិកតារ (១៦១.៣៤៤)។

ទាក់ទងនឹងយុទ្ធសាស្ត្រធ្វើអាជីវកម្មលើធនធានធម្មជាតិ នាយកប្រតិបត្តិក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ គឺលោក ដន ង្វៀន ឌឹក (Doan Nguyen Duc) ត្រូវបានអង្គការឃ្លាំមើលពិភពលោក ដកស្រង់សំដីដោយនិយាយថា៖ “ខ្ញុំគិតថា ធនធានធម្មជាតិមានកំណត់ ដូច្នេះខ្ញុំត្រូវការច្បាមយកធនធានទាំងនោះមុនពេលវាបាត់បង់អស់”។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ក្រុមហ៊ុនវៀតណាម ទាំងពីរ មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗនៅកម្ពុជា៖ «សម្រាប់ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ប្រជាពលរដ្ឋជាច្រើននៅខេត្តរតនគិរី និងប្រភពពីអ្នកស្រុកនៅទីនោះ បានឲ្យយើងដឹងថា ក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយឧកញ៉ា ទ្រី ភាព ក្នុងរបរកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។ ការផ្ដល់ដីសម្បទាននៅទីតំបន់ព្រៃអភិរក្ស ជាព្រៃឈើដែលមានតម្លៃខ្ពស់ គឺជាអំពើខុសច្បាប់។ ដូច្នេះប្រការដែលក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ អាចមានកិច្ចសន្យាកាប់រានព្រៃជាមួយឧកញ៉ា ទ្រី ភាព ជាការព្រួយបារម្ភខ្លាំងណាស់ ដែលអាជ្ញាធរកម្ពុជា ត្រូវតែធ្វើការស៊ើបអង្កេតជាបន្ទាន់»។

សម្រាប់ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវបានអង្គការឃ្លាំមើលពិភពលោក សង្ស័យថា កំពុងរកស៊ីជាដៃគូជាមួយក្រុមហ៊ុន សេង គាង (Seng Keang Company) នៅខេត្តរតនគិរី ។ ម្ចាស់ក្រុមហ៊ុន សេង គាង គឺអ្នកស្រី សេង គាង ជាអតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីឆ្នាំ២០០៧ អង្គការឃ្លាំមើលពិភពលោក ធ្លាប់បានរាយការណ៍អំពីសកម្មភាពកាប់រានព្រៃឈើរបស់ក្រុមហ៊ុន សេង គាង នេះ នៅខេត្តកំពង់ធំ។ សាខាក្រុមហ៊ុនពីររបស់ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ដែរ។

កុម្ភៈ-២០១៣៖ ដើមឈើច្បោះ ឬដើមឈើរបស់ពលរដ្ឋផលិតជ័រទឹកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដែលប្រភពពីពលរដ្ឋអះអាងថា ត្រូវកាប់ដោយក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ជាសាខារបស់ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។ រូបផ្ដល់ឲ្យដោយសហគមន៍ឃុំស្រែអង្គ្រង
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បានទទួលថវិកាកម្ចីពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Corporation) និងធនាគារ ឌុចឆឺ (Deutsche Bank) ដើម្បីធ្វើវិនិយោគដាំដើមកៅស៊ូនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បានចាប់ផ្ដើមវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០១១។ ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ផ្ដើមវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ក្នុងឆ្នាំ២០០៦។ ក្រុមហ៊ុនទាំងពីរមានសាខាក្រុមហ៊ុនច្រើនទៀតនៅកម្ពុជា។ ទីផ្សារធំរបស់ផលិតផលកៅស៊ូនៃក្រុមហ៊ុនធំទាំងពីរនេះ គឺប្រទេសចិន។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍បន្តថា ទាក់ទងនឹងការកាប់ព្រៃឈើធម្មជាតិចោល ហើយដាំជំនួសមកវិញនូវដំណាំកៅស៊ូ យ៉ាងហោចណាស់មានហេតុផលមិនល្អបី៖ «ហេតុផលទី១ គឺថា ព្រៃឈើនៅកម្ពុជា ត្រូវបានការពារដោយច្បាប់ មិនមែនចេះតែត្រូវកាប់តាមអំពើចិត្តនោះទេ។ កម្ពុជាមានច្បាប់ព្រៃឈើ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនណាមួយទទួលបានដីសម្បទាន មានព្រៃឈើដែលត្រូវការពារ ហើយក្រុមហ៊ុនកាប់រានព្រៃឈើនោះ វាគឺជាការរំលោភច្បាប់ជាច្រើនមាត្រា។ ហេតុផលទី២ ប្រជាសហគមន៍ដែលរស់នៅជុំវិញព្រៃឈើទាំងនោះ ត្រូវពឹងអាស្រ័យលើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ជីវភាពរបស់ខ្លួន។ ពួកគេប្រមូលជ័រ បេះស្លឹកឈើ ឫសឈើធ្វើជាថ្នាំព្យាបាល និងប្រមូលអនុផលផ្សេងៗទៀត ធ្វើជាម្ហូបអាហារ។ ដូច្នេះ នៅពេលដែលក្រុមហ៊ុនចូលមកកាប់បំផ្លាញព្រៃទាំងនោះ មិនបានគិតគូរអំពីផលអវិជ្ជមានដែលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏វាជាការរំលោភច្បាប់កម្ពុជា ផងដែរ។ ហេតុផលទីបី ការកាប់ព្រៃធម្មជាតិចោល ហើយដាំជំនួសមកវិញនូវចម្ការកៅស៊ូ គឺពិតជាមិនមានគុណភាពដូចគ្នាទេ។ ព្រៃធម្មជាតិពិតជាមានគុណភាព និងតម្លៃខ្ពស់ឆ្ងាយដាច់ពីដើមកៅស៊ូ មិនអាចប្រៀបធៀបគ្នាបានទេ»។

គោលបំណងមួយនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺការបង្កើតឱកាសការងារដល់ប្រជាសហគមន៍។ ប៉ុន្តែបើតាមអ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បានរកឃើញថា ប្រជាពលរដ្ឋមូលដ្ឋានមិនបានទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនវៀតណាម ទាំងពីរនោះទេ៖ «យើងបានចំណាយពេលច្រើនស្វែងយល់ពីប្រជាសហគមន៍ដែលរស់នៅជិតក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប។ យើងមិនបានសួរនាំពួកគាត់ ដោយរកតែចំណុចអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែក៏សួរគាត់អំពីចំណុចល្អៗដែលពួកគាត់អាចទទួលបានពីក្រុមហ៊ុនទាំងពីរផងដែរ។ ប្រជាជនមូលដ្ឋានដែលយើងសាកសួរទាំងអស់ សុទ្ធតែបានប្រាប់យើងដូចៗគ្នាថា ពួកគេមិនទទួលបានការងារពីក្រុមហ៊ុនទេ ហើយប្រសិនបើអ្នកខ្លះទទួលបានមែន ប៉ុន្តែក៏មិនសប្បាយចិត្តនឹងការងារនោះឡើយ ដោយសារតែលក្ខខណ្ឌការងារដែលផ្ដល់ដោយក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នោះមិនល្អ។ ឧទាហរណ៍៖ ការងារក្នុងចម្ការកៅស៊ូនោះ មិនមានកិច្ចសន្យាប្រាក់ខែបើកយឺត ពេលខ្លះបាត់ប្រាក់ខែតែម្ដង ក្រុមហ៊ុនមិនផ្ដល់សម្ភារៈការពារសុវត្ថិភាពដល់កម្មករពេលធ្វើការ ដូចជាសម្លៀកបំពាក់ការពារជាតិគីមី មិនមានជំនួយមធ្យោបាយធ្វើដំណើរទៅកាន់ចម្ការកៅស៊ូ និងមិនបានផ្ដល់ការព្យាបាលសុខភាពជាដើម»។

របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ក៏បានឲ្យដឹងដែរថា នៅកម្ពុជា ព័ត៌មានទាក់ទងនឹងការផ្ដល់ដីសម្បទាន ពុំត្រូវបានរដ្ឋាភិបាលលាតត្រដាងឲ្យដឹងជាសាធារណៈឡើយ។ ឧទាហរណ៍៖ ព័ត៌មានអំពីតំបន់ណាដែលរដ្ឋាភិបាលនឹងដាក់ឲ្យក្រុមហ៊ុនវិនិយោគ ព័ត៌មានអំពីការចរចាដេញថ្លៃជួលដី ព័ត៌មានអំពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាដើម មិនត្រូវរដ្ឋាភិបាលបញ្ចេញឲ្យប្រជាពលរដ្ឋខ្លួនដឹងឯងឡើយ។ ហេតុដូច្នេះហើយ មធ្យោបាយតែមួយគត់ដែលពលរដ្ឋមូលដ្ឋានអាចដឹងទៅបានថា ដីនិងព្រៃដែលខ្លួនកំពុងរស់នៅអាស្រ័យផល ត្រូវរដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុន គឺនៅពេលណាដែលពួកគេឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនចូលមកឈូសឆាយ។

ក្រសួងកសិកម្មមានប្រព័ន្ធទិន្នន័យ អនឡាញ (Online) អំពីដីសម្បទានសេដ្ឋកិច្ចដែរ។ ប៉ុន្តែមិនមានទិន្នន័យគ្រប់គ្រាន់ មិនសូវធ្វើបច្ចុប្បន្នភាព និងមិនមានព័ត៌មានលំអិតអំពីដីសម្បទានសេដ្ឋកិច្ចឡើយ។ ការលាក់បាំងព័ត៌មាននេះ មិនត្រឹមតែធ្វើឲ្យជនរងគ្រោះ (ពីការច្បាមយកដី) បាត់បង់លទ្ធភាពតវ៉ាទៅរដ្ឋាភិបាល និងក្រុមឈ្មួញវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាទម្លាប់ ឬជាវប្បធម៌លាក់លៀមសេចក្ដីសម្រេចចិត្តច្បាមយកទ្រព្យសម្បត្តិរដ្ឋទៀតផង។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ការស្រាវជ្រាវរបស់អង្គការឃ្លាំមើលពិភពលោក និងអង្គការដទៃទៀត បានរកឃើញថា ជាយូរមកហើយ កម្ពុជាមានបញ្ហាក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនឲ្យបានល្អ៖ «ជាក់ស្ដែងទីមួយ យើងឃើញចំណាត់ការ និងការគ្រប់គ្រងធនធានធម្មជាតិមិនល្អនោះ កើតមានចំពោះព្រៃឈើ។ ទី២ គឺសម្បទានរ៉ែ ឧស្មាន់ និងប្រេង។ ឥឡូវយើងឃើញវិបត្តិនេះបានកើតឡើងចំពោះដីសម្បទានសេដ្ឋកិច្ចទៀត។ មន្ត្រីធំៗខិតខំប្រឹងប្រែងច្បាមយកដី គឺដីដែលពលរដ្ឋកំពុងរស់នៅលើបង្កបង្កើនផល និងពឹងពាក់អាស្រ័យផលដើម្បីរស់។ អ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺនៅកម្ពុជា មានមហាសេដ្ឋីដ៏មានឥទ្ធិពល ៥រូប បានច្បាមយកដីមកកាន់កាប់ផ្ទាល់ខ្លួនច្រើនហួសមិនគួរឲ្យជឿ។ បើបូកបញ្ចូលគ្នា ពួកគេទាំង ៥នាក់នោះ មានជាង ៥សែនហិកតារ (៥០០.០០០) នៅខណៈច្បាប់កម្ពុជា អនុញ្ញាតឲ្យមានត្រឹមតែ ១ម៉ឺនហិកតារ (១០.០០០) ប៉ុណ្ណោះ សម្រាប់ក្រុមហ៊ុនមួយ»។

គិតមកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានជួលដីជាលក្ខណៈសម្បទានដីសេដ្ឋកិច្ចចំនួន ២.៦លានហិកតារ ដែលក្នុងចំនួននេះមាន ១.២លានហិកតារសម្រាប់ដំណាំកៅស៊ូ។ ទោះជារដ្ឋបានជួលដីដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក៏ដោយ ក៏គេមិនដឹងថាបានប្រាក់ចំណូលប៉ុន្មាន និងទៅទីណាដែរ។

ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប អង្គការឃ្លាំមើលពិភពលោក បានទទូចដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងធនាគារ ឌុចឆឺ ដែលបានផ្ដល់ប្រាក់កម្ចីដល់ក្រុមហ៊ុនវៀតណាម ទាំងពីរ ចាត់វិធានការនានាជាបន្ទាន់ ដើម្បីធ្វើឲ្យក្រុមហ៊ុនវៀតណាម ទាំងពីរនេះ គោរពតាមគោលច្បាប់របស់សាជីវកម្មរបស់ខ្លួន ក្នុងការពារបរិស្ថាន តម្រូវការសង្គមកិច្ចដែលរងផលប៉ះពាល់ និងគោរពគោលការណ៍កាត់បន្ថយភាពក្រីក្រជាដើម។ អង្គការឃ្លាំមើលពិភពលោក ក៏បានទទូចរដ្ឋាភិបាលកម្ពុជា ផ្អាករាល់សកម្មភាពរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ ហើយធ្វើការស៊ើបអង្កេត និងផ្ដន្ទាទោសរាល់សកម្មភាពបំពានច្បាប់៕


Posted By KI Media to KI Media at 5/13/2013 12:13:00 PM


Posted By kiletters2 to KI-Media2 at 5/13/2013 12:13:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: