KI-Media2 KI Media ស្រមោច កំពុងចង់ស៊ីត្រី ពេលទឹកហ ោច!

Cheam+Yeap+-+lib+phnek+(PPP).jpg
Cheam Yeap (Photo: The Phnom Penh Post)

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​រដ្ឋសភា​ស្នើឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

ព្រហស្បតិ៍ 09 ឧសភា 2013
ដោយ លី ម៉េងហួរ
Radio France Internationale

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បាន​សរសេរ​លិខិត​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​សុំ​គោលការណ៍ បង្កក​ប្រាក់ខែ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចំនួន ១១ រូប​។ លោក ជាម យៀប អះអាង​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង ១១ រូបនោះ បាន​លាលែង​ចេញពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ក្លាយ​ជា​សមាជិក​គណៈកម្មការ​នាយក នៅ​គណបក្ស​សង្គ្រោះ​ជាតិ។​
កាលពី​ថ្ងៃ​ទី​៧​ឧសភា លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បាន​សរសេរ​លិខិត​មួយច្បាប់ ដាក់​ទៅ​កាន់​ប្រធានរដ្ឋសភា និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ស្នើសុំ​ជាគោលការណ៍ ឲ្យ​រដ្ឋសភា​បង្កក​ប្រាក់ខែ​របស់​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ១១ រូប។​

​តាមពិត ក្នុង​រដ្ឋសភា អាណត្តិ​ទី​៤​នេះ តំណាងរាស្ត្រ​របស់​គណ​បក្ស​សមរង្ស៊ី មាន​ចំនួន ២៦ រូប និង​គណបក្ស​សិទ្ធិមនុស្ស មាន ៣ រូប​។ ក៏​ប៉ុន្តែ​លោក​ជាម​យៀប បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​តាមដាន​ឃើញថា មាន​តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ១១ រូប ប៉ុណ្ណោះ ដែល​បាន​លាលែង​ចេញពី​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ហើយ​ទៅ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង ទាំង ១១ រូបនោះ ត្រូវបាន​លោក​ជាម​យៀប អះអាងថា បាន​ចាកចេញ​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​មាន​ឈ្មោះ​ជាប់ឆ្នោត នៅ​រដ្ឋសភា រយៈពេល ៦ ខែ មុន​ការបោះឆ្នោត​ជាតិ នៅ​ថ្ងៃ​២៨​កក្កដា។

លោក ជាម យៀប បញ្ជាក់ថា ការស្នើ​សុំ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង ១១ រូប ដើម្បី​បង្វែ​ប្រាក់ខែ​នោះ ចូល​ទៅ​ថវិកាជាតិ ចាប់​ពេល​ដែល​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ ត្រូវបាន​ក្រសួង​មហាផ្ទៃ ទទួលស្គាល់​ជា​គណៈកម្មការ​នាយក របស់​គណបក្ស​សង្គ្រោះ​ជាតិ។

​ដូច្នេះ តាម​លោក ជាម យៀប តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង ១១ រូបនោះ ត្រូវ​បាត់បង់​សមាជិកភាព ជា​តំណាងរាស្ត្រ​។ នេះ​បើ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្សនយោបាយ ច្បាប់​តំណាងរាស្ត្រ និង​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស បានចាត់ទុក​ការប៉ុនប៉ង​បង្កក​ប្រាក់ខែ​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​ជា​រូបភាព​គំរាមកំហែង គាបសង្កត់​លើ​បក្សប្រឆាំង។

​តាម​លោក កឹម​សុខា ការស្នើ​ឲ្យ​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ​ប្រាក់​ប្រឆាំង ដែល​ទទួលបាន ១០ លាន​រៀល ស្មើ​ប្រមាណ ២៥០០ ដុល្លារ ក៏​ជា​ការ​​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ផងដែរ ពីព្រោះ​ថា អ្នកតំណាងរាស្ត្រ របស់​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​សមាជ​បក្ស​លើកដំបូង កាលពី​ថ្ងៃ​ទី​៧​មេសា​ ពោល​គឺ​នៅ​ចន្លោះពេល ៦ខែ ​មុន​ដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨​កក្កដា។​

​ជា​ការកត់សម្គាល់ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ថ្ងៃ​៧​ឧសភា មន្ត្រី​រដ្ឋាភិបាល និង​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយប្រហារ​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ប្រកាសថា ខ្លួន​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះថា គណបក្ស​សង្គ្រោះ​ជាតិ ទើប​តែ​បង្កើត និង​មិន​មាន​អាសនៈ​នៅ​រដ្ឋសភា​ទេ៕​


Posted By KI Media to KI Media at 5/10/2013 07:06:00 AM


Posted By kiletters2 to KI-Media2 at 5/10/2013 07:06:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: