KI-Media2 KI Media ព្រៃឡង់​នៅ​តែ​ត្រូវ​កាប់​បំផ្ លាញ​ក្រោម​ស្លាក​ក្រុមហ៊ុន​វៀតណាម

Prey+Lang+Deforestation+01+(PPP).jpg

Prey+Lang+Deforestation+02+(PPP).jpg
ម៉ា​ស៊ីន​អា​រឈើ​និង​ឈើ​​ទើប​កាប់​ច្រៀក​ថ្មី​ៗ​នៅ​ក្នុង​ព្រៃ​ឡង់​​​។ រូបថត សហ​ការី

Monday, 06 May 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍

កំពង់ធំៈ បន្ទាប់​ពី​ការ​ដើរ​ល្បាត​ព្រៃ​អស់​រយៈពេល​៣ថ្ងៃ បណ្តាញ​សហគមន៍​ព្រៃឡង់ ប្រមាណ ៥០ នាក់ បាន​ធ្វើ​ការ​បំផ្លាញ​ម៉ាស៊ីន​ត្រង់​សឺន័រ​អារ​ឈើ​ចំនួន​៥គ្រឿង​ដែល​ពួក​គេ​រឹប​អូស​បាន​ពី​អ្នក​កាប់​ឈើ និង​បាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ដឹក​ឈើ​ហ៊ុប ដឹក​ឈើ​មូល​ប្រមាណ​ពី​១០ ទៅ​១៥ គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​ចេញ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​វៀតណាម CRCK ជា​ឈើ​ដែល​ត្រូវ​បាន​គេ​កាប់​នៅ​ខាង​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​នេះ។

លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់ មក​ពី​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​ចំនួន​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​ឧសភា នៅ​ចំណុច​មួយ​ចំនួន​ហើយ​បាន​ប្រទះ​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់​យ៉ាង​ច្រើន​មាន​ការ​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​និង​ការ​កាប់​ព្រៃ​យក​ឈើ​លក់​ឲ្យ​ឈ្មួញ រី​ឯ​ក្រុមហ៊ុន​វិញ​បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាង​សស្រាក់​សស្រាំ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​វៀតណាម​CRCK ដើម្បី​ប្រែ​កា្លយ​ឈើ​ដែល​ត្រូវ​បាន​កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​ដី​សម្បទាន​ឲ្យ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​ដែល​កាប់​នៅ​ក្នុង​តំបន់​ដី​សម្បទាន​វិញ

លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​ស្តាយ​ណាស់​ពី​ព្រោះ​ក្នុង​មួយ​ថ្ងៃ​រថយន្ត​ដឹក​ឈើ​ចេញ​ប្រមាណ​ពី​១០​ទៅ​១៥ គ្រឿង ហើយ​នៅ​ក្នុង​មួយ​ឡាន​ផ្ទុក​ឈើ​ប្រមាណ​ពី​៤០​ទៅ​៥០​ម៉ែត្រ​គុប​ដូច្នេះ​តើ​ព្រៃ​ឡង់​នឹង​ត្រូវ​កាប់​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ​»។

នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ដែល​ក្រុម​សហគមន៍​នាំ​គ្នា​ដើរ​ល្បាត​ព្រៃ​រឹប​អូស​បាន​ម៉ាស៊ីន​ត្រង់សឺន័រ​ចំនួន ៥គ្រឿង​ឈើ​ដែល​អារ​ទុក​ចោល​ប្រមាណ​៣០ ម៉ែត្រ​គុប និង​បាន​រាប់​ឃើញ​រថយន្ត​ដឹក​ឈើ​មូល​ចេញ​ពី​ក្រុមហ៊ុន CRCK ប្រមាណ​ពី ១០ ទៅ​១៥ គ្រឿង​ក្នុង​មួយ​ថ្ងៃ។ លោក​បាន​ចោទ​សួរ​ថា​៖​«អ្វី​ដែល​យើង​ឆ្ងល់​នោះ​គឺ​នៅ​ពេល​ដែល​យើង​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ស្រាប់​តែ​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សណ្តាន់​បាន​ទូរស័ព្ទ​មក​ពួក​យើង​ថា​ឲ្យ​សម្រួល​គ្នា​ហើយ​ប្រគល់​ម៉ាស៊ីន​នោះ ឲ្យ​ទៅ​ម្ចាស់​គេ​វិញ​ដូច្នេះ​បាន​ន័យ​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អាជ្ញាធរ​ទាំង​អស់​នោះ»។

លោក ឈាង វុទ្ធី តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ាស៊ីន​អារ​ឈើ បាន​គំរាម​កាប់​ក្បាល​ប្រជា​សហគមន៍​។ លោក​និយាយ​ថា​៖ «ខ្ញុំ​នឹង​ដាក់​បណ្តឹង​ការពារ​ចំពោះ​អ្នក​ដែល​បាន​មក​គំរាម​ពួក​ខ្ញុំ​នៅ​ផ្ទះ​ពី​ព្រោះ​យើង​បារម្ភ​ថា បើ​ថ្ងៃ​ណា​មួយ មាន​បញ្ហា​យើង​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត។ យើង​ជា​អ្នក​ការពារ​ព្រៃ​ឈើ​តែង​តែ​រងគ្រោះ​បែប​នេះ​ដូច​ឃើញ​គំរូ​លោក​ឈុត វុទ្ធី ស្រាប់ ស្រឡាញ់​ព្រៃឈើ​ស្លាប់​នៅ​ក្នុង​កន្លែង​ព្រៃ​ឈើ​តែ​ម្តង​»។

ប្រជា​សហគមន៍​បាន​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ នៅ​តែ​មិន​ចាត់​វិធានការ​ទប់​ស្កាត់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​តែ​បែរ​ជា​ធ្វើ​ការ​កាប់​ឈើ​នៅ​ខាង​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ខ្លួន​ទេ នោះ​ព្រៃឡង់ នឹង​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​នោះ​ទេ​ពីព្រោះ​ក្នុង​មួយ​ថ្ងៃៗ​ឈើ​ប្រមាណ​ពី ៤០០ ទៅ ៥០០ ម៉ែត្រ​គុប​ត្រូវ​បាន​គេ​កាប់។

លោក អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​លោក​មាន​ប្រសាសន៍​ថា កំពុង​ជាប់​រវល់​។

លោក ស៊ឹម វណ្ណា អភិបាល​ស្រុក​សណ្តាន់​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជន​អនា​ធិបតេយ្យ ធ្វើ​ការ​ឈូស ឆាយ ដី​ព្រៃ និង​កាប់​ឈើ​លក់​ខុស​ច្បាប់​មែន ហើយ​សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ-ឃុំ ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​។ លោក​ថ្លែង​ថា​៖​«​ចំពោះ​ក្រុមហ៊ុន CRCK គឺ​គេ​កាប់​ព្រៃ​តែ​នៅ​ក្នុង​តំបន់​ព្រៃ​គុប​របស់​គេ​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ​គេ​ពុំ​បាន​ប៉ះពាល់​ដី​ព្រៃ​ឡង់​នោះ​ទេ​។ ខ្ញុំ​ពុំ​បាន​ទទួល​ព័ត៌មាន​ទេ​ទាក់​ទិន​ទៅ​នឹង​ក្រុមហ៊ុន​ដែល​បាន​ដឹក​ឈើ​ចេញ​ទាំង​ឡានៗ​ដោយ​ពុំ​ទាន់​កែ​ច្នៃ​នោះ»។

សហគមន៍​ព្រៃ​ឡង់​តែង​តែ​ទទូច​និង​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​រាជ​រដ្ឋាភិបាល​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ«​ព្រៃ​ឡង់».ឲ្យ​បាន​ឆាប់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ទាន់​ពេល​វេលា​និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហការ​ក្នុង​ការ​ការពារ ព្រៃ​ឡង់​រួម​គ្នា​។

លោក ឈឹម សាវុធ អ្នក​សម្រប​សម្រួល សម្រាប់​វេទិកា​សាធារណៈ នៅ​មជ្ឈមណ្ឌល សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ព្រៃ​ឡង់​កំពុង​តែ​ទទួល​រង​នូវ​ការ​វិនាសកម្ម​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​អំឡុង​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បំផ្លាញ​ព្រៃ​ឈើ​ទាំង​អស់​នោះ​។ លោក​និយាយ​ថា ៖ «សព្វ​ថ្ងៃ​នេះ​គេ​នាំ​គ្នា​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ទិញ​ពី​ប្រជា​ពលរដ្ឋ​ហើយ​ដឹក​ឈើ​ទាំង​អស់​នោះ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន CRCK របស់​វៀតណាម​ដើម្បី​ឲ្យ​វា​ស្រប​ច្បាប់​តាម​ពិត​ក្រុមហ៊ុន​នោះ​បាន​ឈូស​ឆាយ​ដី​ព្រៃ​ដែល​ទទួល​ពី​រដ្ឋាភិបាល​នោះ​រួច​រាល់​អស់​ហើយ​គ្មាន​នៅ​សល់​ទៀត​នោះ​ទេ»។

យោង​តាម​របាយ​ការណ៍​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១២​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​ចំនួន ៣៣ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​១០៤៥៨៥៧ ហិកតា ក្នុង​នោះ​ដី​សម្បទាន​ព្រៃ​ឈើ​មាន​ចំនួន​៧៤៤៧២០ ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​៥ ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន ១២០៦៩៥​ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​១៤ និង​ដី​សម្បទាន​រ៉ែ​មាន​ចំនួន ១៨០៤៤២ ហិកតា ដែល​មាន​ក្រុមហ៊ុន​ចំនួន​១៤៕


Posted By KI Media to KI Media at 5/07/2013 08:52:00 AM


Posted By kiletters2 to KI-Media2 at 5/07/2013 08:52:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: