KI-Media2 KI Media ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​ក្រុម ហ៊ុន​ភាពីម៉ិច​រំលោភ​យក​ដី

Villager+with+land+title+issued+by+Hun+Sen+youth+(RFA).jpg
ប្រជាពលរដ្ឋ​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដីចេញដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Mondul Keo)

ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បន្តរំលោភ​យក​ដី​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រីហុន សែន បាន​វាស់វែង​យ៉ាង​ដូច្នេះ ជា​យថាហេតុ​ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​ប្រភេទ​ថ្មី​ ​ត្រូវ​បាត់បង់​តម្លៃ​របស់​វា​តាម​ផ្លូវ​ច្បាប់៕

ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ នៅ​ភូមិ​ក្រឡាញ់ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ភាពីម៉ិច (PHEAPIMEX) ថា​បាន​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ​មាន​ប្លង់​កម្មសិទ្ធិ​ដី​ដែល​ផ្ដល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​រួច​ហើយ​ក៏ដោយ។

ដោយ មណ្ឌល កែវ
2013-05-06
RadioFree Asia

អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ យល់​ថា ការបន្ត​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​រំលោភ​យក​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​វាស់វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ត្រូវ​បាត់បង់​តម្លៃ។

ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ ដែល​មាន​ដី​ចម្ការ​នៅ​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ បាន​ប្រតិកម្ម​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​បាន​ចោទ​ថា អ្នក​ភូមិ​បាន​ចង្អុល​ដី​ខុស​ទីតាំង បំពាន​ទៅ​លើ​ដី​របស់​ក្រុមហ៊ុន។

បុរស​អ្នក​ភូមិ​ឈ្មោះ ហ៊ុល ថៃ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៦ ឧសភា ថា
ដី​ចម្ការ​របស់​គាត់​ជាង ៣​ហិកតារ នេះ ក្រុម​និស្សិត និង​អាជ្ញាធរ​ជំនាញ​បាន​ចុះ​មក​វាស់វែង​ត្រឹមត្រូវ ហើយ​បាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​គាត់​ទៀត។ តែ​ឥឡូវ អាជ្ញាធរ​ជំនាញ​ខ្លួន​ឯង​បែរ​ជា​មក​ចោទ​គាត់​ថា​ទៅ​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ។

បុរស​អ្នក​ភូមិ​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់ និង​អ្នក​ភូមិ​ផង ព្រោះ​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ដែនដី​ទៀត​ហើយ ព្រោះ​អាជ្ញាធរ​បាន​លំអៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន៖ «ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ប្រមុខ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ។ ប៉ុន្តែ ឥឡូវ​ពេល​ដែល​ពួក​ខ្ញុំ​បាន​ប្លង់​ហើយ បែរ​ជា​អត់​បាន​ដី​ទៅ​វិញ។ អ៊ីចឹង​រឿង​នេះ​មាន​តែ​សម្ដេច​ទេ ដែល​អាច​ជួយ​អន្តរាគមន៍​យ៉ាង​ម៉េច​ឲ្យ​ពួក​ខ្ញុំ​បាន​ដី​ទៅ​តាម​ប្លង់​ដែល​និស្សិត​បាន​វាស់វែង​ឲ្យ​នោះ​ផង ព្រោះ​ខែ​នេះ គឺ​ដល់​ខែ​បង្កបង្កើនផល​ហើយ ពួក​ខ្ញុំ​គ្មាន​ដី​បង្កបង្កើនផល​ទេ»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អាជ្ញាធរ​ឃុំ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ គឺ​ជា​ដី​របស់​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ​មែន។ មន្ត្រី​អាជ្ញាធរ​ឃុំ​រូប​នេះ​បន្ត​ថា ដី​នេះ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​យក​ពី​អ្នក​ភូមិ​ទៅ​ដាំ​ដំឡូង​បាន ១​ឆ្នាំ​ហើយ។ ពី​មុន ដី​នេះ​មាន​ដើម​ឈើ​ហូប​ផ្លែ​ដូចជា ស្វាយ ខ្នុរ ក្រូច​ជាដើម តែ​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​ចោល​អស់។ កាល​ណោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ម្ដង​ហើយ។ លុះ​ក្រុម​និស្សិត​ចុះ​មក​វាស់វែង ដោយ​មាន​អាជ្ញាធរ​ចម្រុះ​យល់ព្រម​ផង និស្សិត​ក៏​បាន​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ។ បន្ទាប់​មក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក៏​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ទាំង ១០​គ្រួសារ​នេះ។

យ៉ាង​នេះ​ក្ដី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត គឺ​លោក ចេង ឡៃ បាន​ចោទ​ថា ប្រជាពលរដ្ឋ​បាន​ចង្អុល​ដី​ខុស​ទីតាំង​ដែល​លោក​បាន​ចេញ​ប្លង់៖ «មិន​ដឹង​ជា​គាត់​មាន​បំណង​អី​ទេ តែ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​យើង​ចេញ​ឲ្យ​ពួក​គាត់ គឺ​មិន​មែន​ស្ថិត​នៅ​លើ​ដី​ហ្នឹង​ទេ។ ខ្ញុំ​បាន​ចុច​អាប់ស៊ីស កូអរដោនេ ទៅ​ឃើញ​ថា វា​នៅ​ជិត​ហ្នឹង​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ តែ​គាត់​បែរ​ជា​ចង្អុល​ទៅ​លើ​ដី​ដែល​ចិន ដាំ​ដំឡូង។ តាម​ពិត​ប្លង់​ដែល​យើង​ចេញ​ឲ្យ មិន​ជាន់​គ្នា​ទេ»

ប៉ុន្តែ ព្រឹទ្ធាចារ្យ​ម្នាក់​ជា​ប្រជា​ការពារ​ឃុំ​ក្បាលត្រាច និង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ការ​វាស់វែង​ដី​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ គឺ​លោក ស៊ិត ស៊ុំ បាន​អះអាង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចង្អុល​បង្ហាញ​នេះ គឺ​ត្រឹមត្រូវ​តាម​ទីតាំង​ដែល​បាន​វាស់វែង​នោះ​ហើយ។ ព្រឹទ្ធាចារ្យ​រូប​នេះ​បន្ត​ថា គាត់​មិន​ដឹង​ថា ហេតុ​អី​បាន​ជា​អាជ្ញាធរ​ជំនាញ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហត្ថលេខា និង​ត្រា​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​អ្នក​ចុះ​ទៅ​វាស់​ជាមួយ​និស្សិត​ផ្ទាល់ និង​ក្រុម​ការងារ​ហ្នឹង។ ដី​នេះ គឺ​នៅ​ចំណុច​ហ្នឹង​ហើយ គាត់​នៅ​មាន​ដើម​ខ្នុរ​អី​របស់​គាត់​ជា​តឹកតាង។ ចិន វា​ឈូស​អត់​ទាន់​អស់។ មាន​សាក្សី និង​មាន​អភិបាល​រង​ខេត្ត សួន រិន្ទឌី គាត់​បាន​ដោះស្រាយ​ថា សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អី​អស់​ហើយ បាន​ចេញ​ជា​ប្រកាស​ជូន​ដំណឹង​បិទ​ផ្សាយ​រហូត​ចេញ​ប្លង់​ទៀត​ហើយ។ វា​ទៅ​ជា​ចិន មិន​ឲ្យ​វិញ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ យល់​ស្រប​គ្នា​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បន្តរំលោភ​យក​ដី​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រីហុន សែន បាន​វាស់វែង​យ៉ាង​ដូច្នេះ ជា​យថាហេតុ​ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​ប្រភេទ​ថ្មី​ ​ត្រូវ​បាត់បង់​តម្លៃ​របស់​វា​តាម​ផ្លូវ​ច្បាប់៕


Posted By KI Media to KI Media at 5/07/2013 03:31:00 PM


Posted By kiletters2 to KI-Media2 at 5/07/2013 03:31:00 PM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: