KI-Media2 KI Media សង្គម​ស៊ីវិល​ស្វែង​រក​អន្តរាគ មន៍​ដោះលែង​ឃាតក​សិប្បនិមិត្ត​សម្លាប់​លោក ជា វិជ្ជា

286546_197757546950658_100001492410811_574365_6707884_o.jpg

ដោយ ខែ សុណង 2013-04-30 RFA

សង្គម​ស៊ីវិល​ជាង​២០ បាន​អំពាវនាវ​ទៅ​បណ្ដា​រោងចក្រ​ដែល​ផលិត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ប្រទេស ​កម្ពុជា អ្នក​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ក្នុង​ពិភពលោក ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា ក្នុង​ករណី​ដែល​មិន​សម​ហេតុ​សម​ផល​ចំនួន​២ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

ករណី​ទាំង​ពីរ​នោះ គឺ​មាន​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​កម្មករ​លោក ជា វិជ្ជា ដែល​គេ​ជឿ​ថា​ឃាតក​កំពុង​ជាប់​ទោស​ជា​ឃាតក​សិប្បនិមិត្ត។ ហើយ​ករណី​មួយ​ទៀត​ក្នុង​រឿង​យឺតយ៉ាវ​ផ្ដល់​យុត្តិធម៌​ដល់​កម្មករ​ដែល​រង​ការ ​បាញ់​ប្រហារ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​វិស័យ​ការងារ​កាត់​ដេរ​នៅ​ កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​បណ្ដា​រោងចក្រ​កំពុង​ប្រតិបត្តិការ​ផលិត​សម្លៀកបំពាក់​ ម៉ាក​ល្បីៗ​នៅ​កម្ពុជា ឲ្យ​អន្តរាគមន៍​ដោះលែង​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​តុលាការ​ផ្ដន្ទាទោស​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​មេ​ដឹកនាំ​កម្មករ​លោក ជា វិជ្ជា ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។
ក្នុង​លិខិត​មួយ​ដែល​សរសេរ​ជា​រួម​ដោយ​អង្គការ​សិទ្ធិ​មនុស្ស សហភាព​សហជីព​បណ្ដាញ​អង្គការ​យុវជន និង​ស្ត្រី​ជាដើម បាន​ផ្ញើ​ទៅ​កាន់​បណ្ដា​រោងចក្រ​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ក្រុមហ៊ុន​បញ្ជា​ទិញ និង​ប្រទេស​ទិញ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ ដោយ​អំពាវនាវ​ឲ្យ​បដិសេធ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ ចំពោះ​ការ​ឃុំ​ខ្លួន​សាជាថ្មី​នេះ​ទៅ​លើ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ថា​បុគ្គល​ទាំង​២​នេះ គឺ​ជា​ឃាតក​សិប្បនិម្មិត ត្រូវ​បាន​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ​២០០៤ ទៅ​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​កម្មករ​លោក ជា វិជ្ជា។ សេចក្ដី​សម្រេច​នេះ បង្ហាញ​នូវ​វប្បធម៌​និទ្ទណ្ឌភាព​យ៉ាង​ខ្លាំងក្លា ដែល​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ទៅ​ដល់​អ្នក​ទាំងឡាយ​ដែល​កំពុង​ធ្វើ​ជំនួញ​ នៅ​ទី​នេះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣០ មេសា ថា លិខិត​នេះ​នឹង​បញ្ជូន​តាម​រយៈ​សារ​អេឡិចត្រូនិក និង​បញ្ជូន​ទៅ​ដោយ​ផ្ទាល់​ដល់​បណ្ដា​រោងចក្រ និង​អ្នក​បញ្ជា​ទិញ ជា​សារ​សម្រាប់​ថ្ងៃ​ទី១ ឧសភា។ លោក​ថា លិខិត​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​គោលដៅ​បង្ហាញ​ការ​គាំទ្រ​ដល់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ។ ហើយ​សង្ឃឹម​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឆាប់ៗ​នេះ។ ចំណែក​ឯ​កម្មករ​ដែល​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​តំបន់​រោងចក្រ​កៅវ៉េ ខេត្ត​ស្វាយរៀង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ៖ «យើង​ ជ្រើសរើស​យក​ថ្ងៃ​ទី១ ឧសភា ដោយសារ​តែ​រឿងរ៉ាវ​ទាំង​ពីរ​នេះ​កើត​ឡើង​នៅ​ក្នុង​វិស័យ​កាត់​ដេរ ជាពិសេស​ទៅ​លើ​កម្មករ​កម្មការិនី និង​សហជីព​នេះ​តែ​ម្ដង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣០ មេសា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។
លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​បាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ឆ្នាំ​២០០៤ ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ឆ្នាំ​២០០៥ ហើយ​ត្រូវ​បាន​ដោះលែង​វិញ​ដោយ​តុលាការ​កំពូល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៨ ដោយ​តុលាការ​នេះ​បង្គាប់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម ដោយសារ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក។ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឃុំ​ខ្លួន​វិញ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ។ បញ្ហា​នេះ នាំ​ឲ្យ​សង្គម​ស៊ីវិល​រិះគន់ និង​ធ្វើ​ការ​ប្រៀបធៀប​ករណី​នេះ​ទៅ​នឹង​សំណុំ​រឿង​បាញ់​កម្មករ ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​សង្ស័យ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បច្ចុប្បន្ន​នេះ​នៅ​ក្រៅ​ឃុំ​ដដែល។
សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ដែល​មាន​កម្មករ​កម្មការិនី​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ ខួប​លើក​ទី១២៧ នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ដង្ហែ​ឆ្ពោះ​ទៅ​វិមាន​រដ្ឋសភា ប្រគល់​ញត្តិ។ លិខិត​ដាក់​ទៅ​កាន់​បណ្ដា​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​នៅ​ពេល ​នេះ គឺ​ជា​សារ​មួយ​ផ្នែក​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Posted By អ្នកស្រែ to KI Media at 5/02/2013 01:06:00 AM


Posted By kiletters2 to KI-Media2 at 5/02/2013 01:06:00 AM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: