![]() |
| Mam Sonando arriving in court on 11 September 2012 (Photo: Cambodia Express News) |
ថ្ងៃពុធ ទី12 កញ្ញា ឆ្នាំ2012
ដោយ ពៅ មេត្តា និងនួន បូរិន
Voice of Democracy
សាក្សីដើមបណ្តឹងរដ្ឋប្បវេណី និងជនជាប់ចោទមួយរូប ផ្តល់លក្ខីកម្មផ្ទុយគ្នា ជុំវិញករណីបទចោទប្រឆាំង លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ ពីបទបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ។
នៅថ្ងៃពុធ ទី១២ ខែកញ្ញានេះ ជាថ្ងៃទី២ ដែលសាលាដំបូងរាជធានីភ្នំពេញ បើកជំនុំជម្រះក្ដីករណីរបស់លោក ម៉ម សូណង់ដូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងពេលសវនាការនេះ លោក អ៊ុក វណ្ណៈ ជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ ១០នាក់ ថ្លែងប្រាប់ចៅក្រមថា លោកមិនដែលស្គាល់ លោក ម៉ម សូណង់ដូ ទេ ហើយការចូលជាសមាគមអ្នកប្រជាធិបតេយ្យ ក៏លោកចូលរួមដោយស្ម័គ្រចិត្តដែរ។ លោក អ៊ុក វណ្ណៈ អះអាងទៀតថា សមាគមអ្នកប្រជាធិបតេយ្យ មិនបានបង្ខំប្រជាពលរដ្ឋណាឲ្យចូលជាសមាជិកនោះទេ។
តែសម្រាប់ លោក ឆេង ឆាត លោក ជា ជីង លោក ឃុល ដារ៉េត និងលោក គល់ ពន្លឺ ជាដើមបណ្តឹងរដ្ឋប្បវេណី ថ្លែងប្រាប់ចៅក្រមប្រហាក់ប្រហែលគ្នាថា មន្ត្រីសមាគមអ្នកប្រជាធិបតេយ្យ បានវាយបង្ខំឲ្យប្រជាពលរដ្ឋចូលជាសមាជិក។ ដើមបណ្តឹងទាំងនេះ អះអាងថា ប្រសិនបើអ្នកណាមិនចូលជាសមាជិកសមាគមនោះ សមាគមនឹងដកហូតដី ឬទទួលរងការវាយដំជាដើម។ ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីទាំងបួនរូប បានឲ្យដឹងទៀតថា មន្ត្រីសមាគមនៅខេត្តក្រចេះ ដែលដឹកនាំដោយ លោក ប៊ុន រដ្ឋា បានប្រើឈ្មោះ និងរូបថត លោក ម៉ម សូណង់ដូ ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យចូលរួម។
លោក ជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ ក្នុងនាមជាសាក្សី ថ្លែងប្រាប់ចៅក្រមនៅព្រឹកនេះដែរថា សមាគមលោក បង្កើតឡើង ក្នុងគោលបំណងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ គឺមិនមានគោលការណ៍បង្កើតជាក្រុម ដើម្បីប្រឆាំងឬតវ៉ារឿងអ្វីមួយឡើយ។
សវនាការលើករណីបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ប្រឆាំងលោក ម៉ម សូណង់ដូ កំពុងបន្តធ្វើនៅរសៀលថ្ងៃពុធនេះទៀត ដោយមានអ្នកសង្កេតជាច្រើនរូបចូលស្ដាប់ និងសង្កេតការណ៍ការជំនុំជម្រះក្ដីនេះ៕
–
Posted By Socheata to KI Media at 9/12/2012 03:10:00 PM
–
Posted By kiletters2 to KI-Media2 at 9/12/2012 03:10:00 PM
