បើសិនជាសាលាក្ដីខ្មែរក្រហមផ្ដល់សំណងដល់ជនរងគ្រោះ…
ថ្ងៃទី 18 មីនា 2012
ដោយ: កែ សាមុត
Cambodia Express News
បើសិនជាសាលាក្ដីខ្មែរក្រហមផ្ដល់សំណងឱ្យជនរងគ្រោះវិញខ្ញុំនឹងសូម ស្នើសុំឱ្យមានការសាងសង់បូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធក្នុងភូមិ របស់ខ្ញុំដើម្បីឱ្យអ្នកភូមិទាំងអស់អាចប្រារឰពិធីតាមបែប ព្រះពុទ្ធសាសនាឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណខណ្ឌអ្នកដែលបាន ស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយខ្ញុំក៏សូមឧទ្ទិសបុណ្យ កុសលនេះជូនដល់បងប្រុសទាំងពីរនាក់របស់ខ្ញុំដែលបានស្លាប់ដោយ គ្មានហេតុផល។
ភ្នំពេញ: ”ខ្ញុំចង់ចូលរួមក្នុងសំណុំរឿង០០១របស់តុលាការដោយសារតែខ្ញុំបានរងទុក្ខសោកដ៏ឈឺដោយសារតែការបាត់បង់បងប្រុសម្នាក់ដោយស្នាដៃរបស់ខ្មែរក្រហម។ ទុក្ខសោកនេះនៅតែដក់ជាប់ក្នុងចិត្ដខ្ញុំរហូតមក ដល់សព្វថ្ងៃនេះ ហើយជាលទ្ធផល ខ្ញុំបានកើតជំងឺដេកមិនលក់”។
បងប្រុសខ្ញុំឈ្មោះ កែ កែងស៊ី ហៅ ដែនត្រូវបានសម្លាប់នៅគុកទួលស្លែង(មន្ទីរស-២១)ក្នុងរបប ខ្មែរក្រហម។អស់រយៈពេលជាច្រើនឆ្នាំនេះខ្ញុំមិន ដែលបានដឹងថាបងប្រុសខ្ញុំគាត់ត្រូវបានសម្លាប់នៅទីណា ទេ ប៉ុន្ដែនៅឆ្នាំ២០០៤ បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់ព័ត៌មានលម្អិតស្ដីពីការ ឃុំខ្លួនបងប្រុសខ្ញុំដែលបានបញ្ជាក់ថាគាត់ត្រូវបានសម្លាប់នៅគុក ទួលស្លែង។ ខ្ញុំនៅតែមិនយល់ថាហេតុអ្វី បានជាខ្មែរក្រហមសម្លាប់បងប្រុសគាត់។
ខ្ញុំបានដឹងថាបងប្រុសខ្ញុំត្រូវបានចាប់ខ្លួននៅខែមីនា ឆ្នាំ១៩៧៧។ នៅចន្លោះឆ្នាំ១៩៧៥និងឆ្នាំ១៩៧៦ មុនការចាប់ខ្លួនរបស់គាត់ បងប្រុសខ្ញុំបានមកលេងក្រុមគ្រួសារម្ដង។ នាអំឡុងពេលនោះ បងប្រុសខ្ញុំមិន បានចែករំលែករឿងរ៉ាវរបស់គាត់ជាមួយនឹងគ្រួសារប៉ុន្មានទេ ហើយគាត់គ្រាន់តែនិយាយថាគាត់ធ្វើការជា ពេទ្យទាហាន។ រយៈពេលពីរបីថ្ងៃក្រោយមក គាត់ក៏ធ្វើដំណើរត្រឡប់ទៅភ្នំពេញ វិញ។ ចាប់់តាំងពី ពេលនោះមក គាត់មិនដែលត្រឡប់មកម្ដងទៀតឡើយ ហើយយើងក៏មិនដែលទទួលបានដំណឹងអ្វីពីគាត់ ឡើយ។ ខ្ញុំមិនដឹងថាខ្មែរក្រហមនាំយកបងប្រុសខ្ញុំទៅណាទេ។
ក្រោយមក ខ្ញុំបានដឹងថាគាត់ត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៧៧តាមរយៈបងប្អូនជីដូន មួយរបស់ខ្ញុំគឺ កៀវ សាន។ បច្ចុប្បន្ននេះ កៀវ សាន គឺជាគ្រូបង្រៀននៅអនុវិទ្យាយល័យ តាអូន។ កៀវ សាន បានផ្ដល់ ព័ត៌មានជាច្រើនទាក់ទងនឹងការចាប់ខ្លួនរបស់បងប្រុសខ្ញុំ។ ខ្ញុំជឿជាក់ថា ឌុច ដែលជាប្រធានគុក ទួលស្លែង គឺជាជនដែលទទួលខុសត្រូវលើការស្លាប់របស់បងប្រុសខ្ញុំ។
ខ្ញុំបានចូលរួមនៅក្នុងសំណុំរឿង០០១របស់សាលាក្ដីខ្មែរក្រហមពីព្រោះខ្ញុំបានរងទុក្ខសោកដ៏សែនវេទនា ចាប់តាំងពីការស្លាប់របស់បងប្រុសខ្ញុំ។ ការបាត់បង់នេះបានយាយីសតិអារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំងដែលធ្វើ ឱ្យខ្ញុំឈឺក្បាល ហើយឆាប់ភ្លេចភាំង។ខ្ញុំមិនដែលទៅពិគ្រោះជាមួយគ្រូពេទ្យ ឬទៅព្យាបាលនៅមន្ទីរពេទ្យ ឡើយពីព្រោះខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃព្យាបាល។ ក្រុមគ្រួសារខ្ញុំមានជីវភាពលំបាកណាស់ ដោយសារតែបងប្រុសពីរនាក់របស់ខ្ញុំត្រូវបានសម្លាប់ដោយខ្មែរក្រហម។ ក្នុងនោះរួមមានបង កែ កែងស៊ី ដែលត្រូវបានសម្លាប់នៅគុក ទួលស្លែង។ ដោយសារ តែខ្ញុំគ្មានលទ្ធភាពក្នុងការបង់ថ្លៃព្យាបាល សុខភាព របស់ខ្ញុំកាន់តែទ្រុឌទ្រោមទៅ។
បើសិនជាសាលាក្ដីខ្មែរក្រហមផ្ដល់សំណងឱ្យជនរងគ្រោះវិញខ្ញុំនឹងសូមស្នើសុំឱ្យមានការសាងសង់បូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធក្នុងភូមិរបស់ខ្ញុំដើម្បីឱ្យអ្នកភូមិទាំងអស់អាចប្រារឰពិធីតាមបែបព្រះពុទ្ធសាសនាឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណខណ្ឌអ្នកដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម ហើយខ្ញុំក៏សូមឧទ្ទិសបុណ្យ កុសលនេះជូនដល់បងប្រុសទាំងពីរនាក់របស់ខ្ញុំដែលបានស្លាប់ដោយគ្មានហេតុផល។
–
Posted By KI Media to KI Media at 3/19/2012 06:53:00 AM
–
Posted By kiletters2 to KI-Media2 at 3/19/2012 06:53:00 AM